កម្មវិធីអក្សរសិល្ប៍

កម្មវិធី «អក្សរសិល្ប៍» បានសហការជាមួយអ្នកនិពន្ធកម្ពុជាចំនួនបីរូប ដែលពោរពេញដោយទេពកោសល្យ ភាពល្បីល្បាញ និងមានការទទួលស្គាល់នៅក្នុងប្រទេសកម្ពុជា ដើម្បីសរសេរប្រលោមលោកខ្លីៗ។ តាមរយៈប្រលោមលោកខ្លីៗទាំងនោះនឹងឆ្លុះបញ្ចាំងឲ្យឃើញថា តើជំងឺកូវីដ-១៩ ធ្វើឲ្យមានការផ្លាស់ប្តូរបែបណាខ្លះនៅក្នុងសង្គម និងជីវិតប្រចាំថ្ងៃនៅក្នុងប្រទេសកម្ពុជា។

ប្រលោមលោក​ខ្លី​​នេះនឹង​ចុះ​ផ្សាយ​ជា​ភាសា​ខ្មែរ ជប៉ុន និង​អង់គ្លេស​នៅ​ពេល​ក្រោយនៅ​លើ​គេហទំព័ររបស់ការិយាល័យ​កណ្តាលនៃមជ្ឈមណ្ឌលអាស៊ី នៃមូលនិធិជប៉ុន (The Japan Foundation Asia Center)។ នៅមានព្រឹត្តិការណ៍ដ៏រំភើបមួយទៀតនោះគឺ បន្ទាប់ពីរឿងប្រលោមលោកខ្លីចំនួនបីរឿងនឹងត្រូវចេញផ្សាយហើយ ភាពយន្តខ្លីនឹងត្រូវផលិតឡើង ដោយគ្រោងចាក់បញ្ចាំងជាលើកដំបូងក្នុងឆ្នាំ2022 ផងដែរ។​


អត្ថបទរឿង មិ្សលមិញ ថ្ងៃនេះ ថ្ងៃស្អែក

គឹម ឌីណា

កញ្ញា គឹម ឌីណា បានចាប់យក​អាជីព​ជា​អ្នក​និពន្ធ​នៅ​ឆ្នាំ2017 ដោយ​និពន្ធ​ប្រលោមលោក និង​សរសេរអត្ថបទភាពយន្ត។

កញ្ញាបាននិពន្ធ ក៏ដូចជាសរសេរស្នាដៃជាច្រើនដោយផ្តោតលើរឿងរ៉ាវស្នេហា ដែលក្នុងនោះកញ្ញាក៏បានពិពណ៌នាស្ដីអំពីសម្ពាធសង្គមដែលស្ត្រីខ្មែរសម័យថ្មីកំពុងតែប្រឈមមុខ ដូចជាការយកចិត្តទុកដាក់ហួសហេតុពេកចំពោះរូបរាងកាយខាងក្រៅ ការស្វែងរកដៃគូ ការងារ និងស្នេហា ព្រមទាំងការរៀបការយឺត ដែលស្នាដៃទាំងនោះកំពុងទទួលបានការគាំទ្រដ៏ពីស្ត្រី។

បន្ថែមពីលើសកម្មភាពសរសេរតែងនិពន្ធ ដើម្បីលើកកម្ពស់ការអាននៅកម្ពុជា កញ្ញាបានបង្កើតសកម្មភាពនានា ដែលធ្វើឱ្យការអានកាន់តែជ្រាបដល់យុវជនខ្មែរកាន់តែទូលំទូលាយ តាមរយៈការអានប្រលោមលោក និងការផ្សព្វផ្សាយតាមរយៈ SNS លើការពិភាក្សាវែកញែកពាក់ព័ន្ធនឹងប្រធានបទ អំណានជាដើម។ សម្រាប់ស្នាដៃរបស់កញ្ញាលើកនេះ​ កញ្ញាក៏បានពិពណ៌នាស្ដីអំពីស្ត្រី​សាមញ្ញ​ម្នាក់​ដែល​មានជីវភាពរស់នៅ​យ៉ាង​សុខសាន្ត​ ក៏ប៉ុន្តែនាងត្រូវទទួល​យកនូវស្ថានភាពផ្លាស់​ប្តូរ​ភ្លាមៗនៅ​ក្នុង​ជីវិតរបស់នាង។

ទំនាក់ទំនងជាមួយឪពុកម្តាយដែលមានវ័យចំណាស់ ការឆ្លងវីរុសទៅលើមនុស្សជិតស្និទ្ធ និងទំនាក់ទំនងជាមួយបងប្រុសដែលជាមនុស្សធ្វើអ្វីដោយសេរីតាមចិត្ត គឺមានបង្ហាញនៅក្នុងស្នាដៃនេះ ដែលយើងអាចស្វែងយល់ពីអារម្មណ៍ទាំងនោះបាន។

We mask date

ម៉ៅ ចាន់រស្មី

កញ្ញា ម៉ៅ ចាន់រស្មី ជាអ្នកសរសេរអត្ថបទភាពយន្ត និងនិពន្ធប្រលោមលោក។ ​

ម្ដាយរបស់កញ្ញា​ជា​អ្នកនិពន្ធ​ប្រលោមលោក​ដ៏​ពេញ​និយម​បំផុត​ក្នុង​ប្រទេស​កម្ពុជា ដូច្នេះកញ្ញា​បានយល់ដឹង និងមានបទពិសោធពាក់ព័ន្ធនឹង​សៀវភៅ​តាំង​ពី​កុមារភាព​មក​ម្ល៉េះ ហើយកញ្ញាបាន​ក្លាយ​ជា​អ្នក​និពន្ធ​ដោយ​ខ្លួន​ឯង។

កញ្ញាបានចាប់ផ្តើមសកម្មភាពរបស់កញ្ញា ក្នុងឆ្នាំ2013 ដោយបានសរសេរអត្ថបទសម្រាប់ភាពយន្តភាគរបស់ស្ថានីយទូរទស្សន៍ដ៏ពេញនិយមមួយក្នុងស្រុក ហើយបានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាអ្នកនិពន្ធប្រលោមលោកនៅក្នុងឆ្នាំ2020។

ស្នាដៃ “កំណត់ហេតុពណ៌ស្វាយ” ជាស្នាដៃមួយដ៏មានប្រជាប្រិយភាព ដែលត្រូវបានមហាជនជាវជាបន្តបន្ទាប់ពីបណ្ណាគារ ដែលស្នាដៃនេះលក់បាន 4,000ក្បាលត្រឹមតែក្នុងរយៈពេលដ៏ខ្លី តែជាង 3ខែប៉ុណ្ណោះ។

បើទោះបីជាកញ្ញាមានប្រជាប្រិយភាពក្នុងចំណោមយុវវ័យយ៉ាងណាក៏ដោយ ក៏កញ្ញាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព្រះពុទ្ធសាសនា និងទស្សនវិជ្ជាលោកខាងលិច ដែលកត្តាទាំងនេះហើយដែលត្រូវបានគេរំពឹងថានឹងមានឥ​ទ្ធិពល​វិជ្ជមានដល់មនុស្សជំនាន់ក្រោយតាមរយៈសីលធម៌ និងទស្សនៈដែលអាចបត់បែនបាន។

ស្នាដៃរបស់កញ្ញាលើកនេះ បានបង្ហាញពីឈុតឆាកនៅក្នុងហាងកាហ្វេមួយដែលស្ថិតនៅទីក្នុងទីក្រុងភ្នំពេញបន្ទាប់ពីមានការផ្ទុះឡើងរីករាលដាលនៃវីរុសកូវីដ-១៩ ដែលទន្ទឹមនឹងបញ្ហាអវិជ្ជមាននានាដែលបណ្ដាលមកពីវីរុសកូវីដ-១៩នេះ ក៏នៅតែមានភាពភ្លឺស្វាង ក្ដីសង្ឃឹម  ដែលយើងអាចមើលឃើញតាមរយៈបេះដូងរបស់យុវវ័យ។

ទឹកជ្រោះតែមួយ

ម៉ុង ម៉ានិត

លោក ម៉ុង ម៉ានិត បានចូលប្រឡូកក្នុងអាជីពជាសិល្បករសម្រាប់ការសម្ដែងជាតួអង្គនៅក្នុងការផ្សាយពាណិជ្ជកម្ម និងតួសម្តែងភាពយន្ត តាំងពីពេលដែលលោកមានអាយុ 8ឆ្នាំ ហើយចាប់តាំងពីពេលនោះមក លោកបានចាប់ផ្ដើមការងារជាតន្ត្រីករ ជាអ្នកនិពន្ធប្រលោមលោក និងអ្នកសរសេរស្រ្គីបភាពយន្ត។

បន្ទាប់ពីមានការបោះពុម្ភប្រលោមលោករឿង “One Mission” ក្នុងឆ្នាំ2016 ប្រលោមលោកនេះត្រូវបានផលិតជាភាពយន្តភាគសម្រាប់ស្ថានីយទូរទស្សន៍ដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នាដែរ ភាពយន្តភាគនេះក៏បានឈ្នះពានរង្វាន់អត្ថបទភាពយន្តល្អបំផុត(Best Screenplay Award)នៅមហោស្រពភាពយន្តកម្ពុជាឆ្នាំ2019 ដែលនាំឱ្យលោកក្លាយជាអ្នកនិពន្ធមួយរូបដែលមានឈ្មោះបោះសម្លេងម្នាក់នាំមុខគេ ក្នុងចំណោមអ្នកនិពន្ធនាំមុខនៅក្នុងប្រទេសកម្ពុជា។ ក្នុងស្នាដៃថ្មីរបស់លោក យើងនឹងអាចមើលឃើញ និងស្វែងយល់ពីជ្រុងថ្មីមួយទៀតនៃប្រទេសកម្ពុជា តាមរយៈតួអង្គដែលមានបុគ្គលិកលក្ខណៈពិសេស និងពិភពថ្មីមួយដែលប្លែកដែលជាតថភាពសង្គមសព្វថ្ងៃ។

គួរបញ្ជាក់ថានៅក្នុងស្នាដៃនេះផងដែរ យើងក៏អាចមើលឃើញពីរឿងរ៉ាវរបស់គ្រួសារមួយដែលឪពុក និងកូនស្រី មានអត្តចរិតមិនស៊ីសង្វាក់គ្នា ដែលកូនស្រីមានភាពចចេសរឹងរូសមិនទទួលស្គាល់ការពិត ដែលនាងព្យាយាមលាក់អស់រយៈកាលជាច្រើនឆ្នាំ ក៏ប៉ុន្តែនៅពេលដែលគេម្នាក់ៗបាត់បង់កន្លែងទៅដោយសារការបិទខ្ទប់ក្នុងស្ថានភាពកូវីដ-១៩ បញ្ហាទាំងនោះបានផ្ទុះលេចចេញមក។

បញ្ហានានា រួមទាំងបទពិសោធទាំងនេះ ជារឿងរ៉ាវដែលគ្រួសារកម្ពុជាមួយចំនួនក៏ប្រហែលជាធ្លាប់បានជួបប្រទះនៅក្នុងឆ្នាំ2021 ផងដែរ។