បុរសស្រលាញ់វិស័យខ្សែភាពយន្តម្នាក់បានបេ្តជ្ញាលះបង់ជីវិតរបស់គាត់លើខ្សែភាពយន្ត អ្នកដឹកនាំរឿង លោកហ៊ុយ យ៉ាឡេង (Huy Yaleng) (វ័យ៤១)

(Fathers) Interaction with fans at the time of screening, 2020

 (Fathers) ធ្វើអន្តរកម្មជាមួយអ្នកគាំទ្រនៅពេលចាក់បញ្ចាំងឆ្នាំ ២០២០

រោងភាពយន្តខ្មែរមួយត្រូវបានផ្អាកជាបណ្តោះអាសន្នដោយសារផលប៉ះពាល់នៃការឆ្លងវីរុស Corona ប្រភេទថ្មី។ ខណៈពេលដែលរោងភាពយន្តត្រូវបានបើកដំណើរការឡើងវិញរួមជាមួយការវិលត្រឡប់របស់ទស្សនិកជន ក្នុងឆ្នាំនេះផងដែរ មហោស្រពភាពយន្តជប៉ុនដែលបានឧបត្ថម្ភដោយមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន នឹងប្រារព្ធធ្វើនៅខែវិច្ឆិកា ហើយមានខ្សែភាពយន្តជប៉ុន រួមទាំងស្នាដៃចុងក្រោយបង្អស់នឹងត្រូវចាក់បញ្ចាំង។ ក្នុងខណៈពេលដែល “ខ្សែភាពយន្តបែបរន្ធត់” កំពុងពេញនិយមនៅក្នុងប្រទេសកម្ពុជា រឿង “ដើម្បីកូន (Fathers)” បានពិពណ៌នាអំពីគ្រួសារខ្មែរទំនើបមួយដែលបានបង្ហាញខ្លូនមុន Corona ក៏បានដក់ជាប់ក្នុងចិត្តរបស់អ្នកទស្សនាជំនាន់ក្រោយដែរ។ យើងខ្ញុំបានសាកសួរអ្នកដឹកនាំរឿងដែលកំពុងបង្កើតនិន្នាការថ្មីនៅក្នុងវិស័យភាពយន្តកម្ពុជា អំពីពិភពខ្សែភាពយន្តរបស់កម្ពុជា។

ជាបឋម សូមប្រាប់ពួកយើងអំពីស្ថានភាពទូទៅនៃខ្សែភាពយន្តខ្មែរ។

សម្តេចព្រះបាទនរោត្ដមសីហនុបានមានព្រះរាជវត្តមាននិងដឹកនាំនៅក្នុងខ្សែភាពយន្ដ

ដែលត្រូវបានហៅថា ”​យុគសម័យមាស”​ ក្នុងទសវត្សរ៍ឆ្នាំ ១៩៥០​ និង​ ឆ្នាំ ១៩៦០។ ក៏ប៉ុន្តែ

អ្វីៗ​គ្រប់យ៉ាងត្រូវបានបំផ្លាញក្នុងសម័យប៉ុលពត។ ក្នុងអំឡុងឆ្នាំ ១៩៨៩ ខ្សែភាពយន្ដរបស់​ឥណ្ឌា បានចូលមកកាន់ប្រទេសកម្ពុជា ដែលខ្សែភាពយន្តនោះមានបទចម្រៀងនិងការរាំរបស់​ឥណ្ឌាត្រូវបានថត។ វាគឺជាពេលវេលាដែលមនុស្សចង់មើលខ្សែភាពយន្តយ៉ាងខ្លាំង នៅពេលខ្សែភាពយន្តត្រូវបានចាក់បញ្ចាំងមានមនុស្សជាច្រើននាក់បានឈររង់ចាំនៅពីមុខរោងកុន ហើយអ្នកខ្លះទៀតបានលក់សំបុត្របន្ត។ ទោះបីជាយ៉ាងណាក៏ដោយ ពិភពខ្សែភាពយន្តត្រូវបានធ្លាក់ចុះជាថ្មីម្តងទៀង ហើយបានងើបឡើងវិញក្នុងឆ្នាំ២០០០។ នៅពេលនោះ ខ្សែភាពយន្តឥណ្ឌានិងខ្សែភាពយន្តបែបរន្ធត់គឺជាប្រភពចំណូលដ៏សំខាន់។ ខ្សែភាពយន្តដូចជា “ខ្មោចដើមចេកជ្វា (Ghost of the Banana Tree)” និង “ផ្ទះខ្មោចទិញ (House bought by ghost)” គឺជាស្នាដៃរបស់ខ្ញុំ។ ក៏ប៉ុនែ្ត ការកើនឡើងនៃទូរទស្សន៍បានធ្វើឱ្យពិភពខ្សែភាពយន្តធ្លាក់ចុះម្តងទៀត ខ្ញុំត្រូវប្តូរមកកាន់ទូរទស្សន៍ផងដែរ។  ក្នុងអំឡុងឆ្នាំ២០១២ ខ្ញុំបានមានអារម្មណ៍ថាវិស័យខ្សែភាពយន្តនឹងងើបឡើងវិញ មានស្ថេរភាព ហើយវានឹងមិនធ្លាក់ចុះទៀតទេ ម្យ៉ាងវិញទៀត ខ្ញុំបានត្រលប់មកពិភពនេះម្តងទៀត។ ខ្ញុំគិតថាវិស័យខ្សែភាពយន្តខ្មែរនឹងកាន់តែមានភាពរំជើបរំជួលនាពេលអនាគត ជាពិសេសក្នុងរយៈពេល ៤ ឬ ៥ឆ្នាំទៀតដើម្បីឈានទៅរកកម្រិតអន្តរជាតិ។

ជាដំបូង អ្នកដឹកនាំរឿងផ្តោតលើខ្សែភាពយន្តបែបរន្ធត់ ប៉ុនែ្តថ្មីៗនេះគាត់ទទួលបានប្រជាប្រិយភាពសម្រាប់ការងាររបស់គាត់គឺរឿង “ដើម្បីកូន (Fathers)” ដែលទាក់ទងនឹងបញ្ហាសង្គមដូចជាភាពក្រីក្រនិងការបែងចែកសង្គម។ សូមប្រាប់ពួកយើងពីការងាររបស់អ្នក។

សមិទ្ធផលពីឆ្នាំ ២០១២ ដូចជា “វិកលចរិក (រឿងពិពណ៌នាអំពីអ្នកជម្ងឺផ្លូវចិត្ត)” និង “ធ្មប់ (ជាប្រភេទរឿងខ្មោច)” បានក្លាយជារឿងដែលទទួលបានការគាំទ្រខ្លាំង។ ពេលនោះ ខ្ញុំកំពុងផលិតខ្សែភាពយន្តបែបរន្ធត់ ក៏ប៉ុនែ្តថ្មីៗនេះ ខ្ញុំបានឮគេនិយាយថា “តើមានប្រភេទខ្សែភាពយន្តផ្សេងទៀតក្នុងប្រទេសកម្ពុជាដែរឬទេ?”។ ដូច្នេះហើយ ទើបខ្ញុំបានសាកល្បងរឿងមនោសព្ចោតនា “ដើម្បីកូន (Fathers)” ជាលើកដំបូង។ ការចាក់បញ្ចាំងចាប់ផើ្តម ក្នុងអំឡុងខែមករាក្នុងឆ្នាំនេះ ហើយ ជម្ងឺរាតត្បាត កូវីឌ១៩ បានកើតឡើង ចំពេល​រឿងនេះកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង។

តាមរយៈខ្សែភាពយន្តនេះ ខ្ញុំបានដើរតួជាឪពុកម្នាក់ដែលខិតខំប្រឹងប្រែងដើម្បីរបស់កូនគាត់។ ខ្សែភាពយន្តនិងស្នាដៃអក្សរសាស្រ្តជាច្រើនផ្តោតលើក្តីស្រឡាញ់របស់អ្នកម្តាយ ហើយកម្របង្ហាញពីអារម្មណ៍របស់លោកឪពុក។ ទោះយ៉ាងណា ឪពុកនិងម្តាយរបស់ខ្ញុំមានសេចក្តីស្រឡាញ់ដូចគ្នាសំរាប់កូន។ អ្នកម្តាយមានប្រាស្រ័យទាក់ទងជាមួយកូនរយលានអត្តន័យ ក៏ប៉ុនែ្តខ្ញុំចង់បង្ហាញថាលោកឪពុកសុខចិត្តលះបង់ជិវីតដើម្បីកូន។ សមិទ្ធផលនេះត្រូវបានបង្កើតឡើងដោយខ្ញុំ ហើយបានសរសេរជាមួយមិត្តរួមការងាររបស់ខ្ញុំ។ ខ្ញុំបានស្តាប់រឿងរ៉ាវរបស់អ្នករត់ស៊ីក្លូនៅជិតវត្តឧណ្ណាលោម ហើយយកទៅបង្កើតជាសាច់រឿង។ សំរាប់រូបខ្ញុំ ខ្ញុំតែងតែចង់គូរអី្វដែលថ្មី ដូច្នេះហើយខ្ញុំជ្រើសរើសអ្នករត់ស៊ីក្លូដើម្បីដាក់ចំណុចអ្វីមួយដែលមិនធ្លាប់មានពីមុនមក។

ផ្ទាំងរូបខ្សែភាពយន្ត “វិកលចរិក” “ធ្មប់” “ដើម្បីកូន (Fathers)”

អ្នកដឹកនាំរឿងបានបងើ្កតជាតួអង្គនិងឈុតឆាតក្នុងរឿង ក៏ប៉ុន្តែតើអ្នកដឹកនាំរឿងបានចូលរួមក្នុងខ្សែភាពយន្តនេះយ៉ាងដូចម៉្តេច?

ក្នុងឆ្នាំ ១៩៩៨ បន្ទាប់ពីខ្ញុំបានបញ្ចប់ការសិក្សាពីវិទ្យាល័យនៅស្រុកកំណើតរបស់ខ្ញុំមក ខ្ញុំបានចាប់ផ្តើមសំដែងក្បាច់គុនបុរាណនិងដើរតួនៅក្នុងក្រុមហ៊ុនល្ខោនមួយ។ លោកគ្រូរបស់ខ្ញុំ គឺជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយដែលមានការណែនាំពីគាត់ ខ្ញុំបានចូលរៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងឆ្នាំ ២០០០។ ទោះយ៉ាងណា ខ្ញុំគិតថាវិស័យតារាសម្តែងមានអាយុកាលវែង ហើយខ្ញុំក៏កាន់តែមានកម្លាំងចិត្តក្នុងការដឹកនាំរឿង។ ខ្ញុំបានជួបរដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម ម៉ៅ អាយុទ្ទ និងក្រោមការណែនាំបង្ហាត់បង្រៀនរបស់គាត់ ខ្ញុំបានខ្សែភាពយន្តដូចជារឿង នាងពួន និង “សន្យា (Promise)” ។ នៅពេលដែលខ្ញុំបានលះបង់ញើសឈាមរបស់ខ្លូនទៅកាន់ខ្សែភាពយន្ត គំនិតនៃ “ការលះបង់ជិវិតរបស់ខ្ញុំចំពោះខ្សែភាពយន្ត” ក៏បានរីកលូតលាស់ឡើង។

បន្ទាប់មក ខ្ញុំបានផលិតរឿង “ផ្ទះខ្មោចទិញ” និង “ខ្មោចដើមចេកជ្វា”។ រឿងទាំងនេះទទួយប្រជាប្រិយភាពយ៉ាងខ្លាំងដែលត្រូវបានគេបញ្ចូលសំលេងជាភាសាថៃក្នុងប្រទេសថៃ។ ក្រោយមក ខ្ញុំបានផលិត ៤ ទៅ ៥ រឿងបន្ថែម ក៏ប៉ុន្តែ ក្នុងអំឡុងឆ្នាំ២០០៥ ការកើនឡើងនៃទូរទស្សន៍បានធើ្វអោយពិភពខ្សែភាពយន្តចុះខ្សោយ។ ខ្ញុំបានប្តូរមកកាន់ស្ថានីយទូរទស្សន៍បាយ័ននិងបានចាកចេញពីពិភពខ្សែភាពយន្តផងដែរ។ ខ្សែភាពយន្តបានត្រលប់មកវិញក្នុងអំឡុងឆ្នាំ២០១២ ដូច្នេះហើយ ខ្ញុំបានប្តូរទៅផលិតខ្សែភាពយន្តម្តងទៀត។

សូមប្រាប់ពួកយើងពីការថតនៃរឿងភាគមួយនេះ។ ដូចគ្នានេះផងដែរ តើខ្ញុំអាចមើលសមិទ្ធផលរបស់អ្នកដឹកនាំរឿងនៅប្រទេសជប៉ុនជាមួយអក្សររត់ពីក្រោមជាភាសាអង់គ្លេសនិងជប៉ុនបានទេ?

ខ្ញុំបានសម្តែងដោយរូបខ្ញុំផ្ទាល់នៅក្នុងរឿងនេះ ក៏ប៉ុន្តែអ្នកប្រហែលជាឆ្ងល់ថាហេតុអ្វីខ្ញុំជាតារាសម្តែងដែរ។ នៅពេលដែលខ្ញុំកំពុងថតរឿងនិយាយអំពីអ្នកជំងឺវិកលចរិក ពេលនោះមិនមានមនុស្សសាកសមសម្រាប់តួនេះនិងមិនមាន​តួសម្តែងដោយសារខ្វះថវិកាសំរាប់ជួល ហើយខ្ញុំធ្លាប់បានមើលអ្នកជំងឺវិកលចរិកនៅជំរុំជនភៀសខ្លួន “សៃធូ (តំបន់២)” នៅព្រំដែនខ្មែរ-ថៃកាលពីខ្ញុំនៅក្មេង ដូច្នេះហើយ ខ្ញុំក៏សម្រេចចិត្តថាខ្ញុំគួរតែសម្តែងតួនេះដោយខ្លួនឯង។ នៅក្នុងខ្សែភាពយន្តផ្សេងមួយទៀត ក្នុងនោះមានឈុតមួយដែលខ្ញុំបានជាប់ពន្ធនាគារ ហើយខ្ញុំបានស្រកទម្ងន់ ១០គីឡូ។ ក្នុងខ្សែភាពយន្តរឿង “ធ្មប់” ខ្ញុំបានញ៉ាំសាច់គោទាំងនៅឆៅ។ ខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងដើម្បីចូលតួរឿង។ នៅក្នុងខ្សែភាពយន្តរឿង “ដើម្បីកូន (Fathers)” ខ្ញុំបានចំណាយពេលប្រហែល ២ សប្តាហ៍ដើម្បីធ្វើឱ្យស្បែកខ្មៅនិងបង្កើតតួអង្គនៃរឿង ខណៈពេលដែលខ្ញុំកំពុងរៀនអំពីដំណើរជិវិតអ្នករត់ស៊ីក្លូនិងរបៀបបើកបរ។

រឿង“ដើម្បីកូន (Fathers)” អាចមើលជាមួយអក្សររត់ពីក្រោមជាភាសាអង់គ្លេស។ ជាអកុសល រឿងនេះមិនទាន់មានអក្សររត់ពីក្រោមជាភាសាជប៉ុននៅឡើយទេ។ នៅពេលបន្តិចទៀត ខ្ញុំគ្រោងនឹងបញ្ចូលវាទៅលើគេហទំព័រចែកចាយខ្សែភាពយន្ត ខ្ញុំចង់អោយអ្នករាល់គ្នាដែលរស់នៅប្រទេសជប៉ុនបានទស្សនាផងដែរ។ (ព័ត៌មានលម្អិតនឹងមានរៀបរាប់ជូននៅពេលក្រោយ)

 រូបភាពមកពីរឿង “ដើម្បីកូន (Fathers)”

ក្នុងនាមជាអ្នកដឹកនាំរឿង តើលោកគ្រោងនឹងធ្វើសកម្មភាពអ្វីខ្លះនាពេលអនាគត?

ខ្ញុំគិតថាខ្ញុំនឹងផ្អាកបង្កើតខ្សែភាពយន្តបែបរន្ធត់មួយរយៈសិន។ ខ្ញុំមានឈុតឆាក​របស់រឿង ក៏ប៉ុន្តែ ខ្ញុំមានអារម្មណ៍ថាអ្នកគាំទ្ររបស់ខ្ញុំគឺមិនចង់បានខ្សែភាពយន្តប្រភេទនេះទេ។ ខ្ញុំកំពុងគិតអំពីរឿងបែបមនោសព្ចោតនា បែបវាយប្រហារ បែបវិទ្យាសាស្រ្តនិងរឿងផ្សេងៗ។ តាមការពិត ខ្ញុំមានគម្រោងដ៏ល្អមួយ ក៏ប៉ុន្តែ ខ្ញុំមិនដឹងថាវានឹងអាចចេញបញ្ចាំងដោយសារតែវាចំណាយច្រើនជាង១០ម៉ឺនដុល្លារ។

តើខ្សែភាពយន្ត អក្សរសិល្ប៍និងសិល្បៈអ្វីខ្លះដែលបានជះឥទ្ធិពលទៅលើអ្នកដឹកនាំរឿង?

នៅក្នុងខ្សែភាពយន្តខ្មែរគឺរឿង “ពុទ្ធិសែននាងកង្រី” ដែលបានដឹកនាំដោយលោកលីប៊ុនយីម ខ្សែភាពយន្តនេះគឺតាំងពីយុគសម័យមាសហើយវាមានច្រើនណាស់ ដែលផលិតករភាពយន្តចិនបានមកប្រទេសកម្ពុជាដើម្បីសិក្សា។ ខ្ញុំចូលចិត្តខ្សែភាពយន្តតាំងពីខ្ញុំនៅតូច។ នៅពេលខ្ញុំនៅក្នុងជំរុំជនភៀសខ្លួន មនុស្សបានប្រមូលផ្តុំគ្នាមើលរឿងលើកញ្ចក់ទូរទស្សន៍ចាក់ក្នុងរោង ប៉ុន្តែខ្ញុំត្រូវបានគេបង្រៀនអោយសរសេរអក្សរស្អាតៗ ដោយសរសេរអក្សរចំណងជើងរឿងដាក់លើក្តាតាមរោងនានាផ្លូវទៅសាលា។ ហើយខ្ញុំបានទទួលបានការដោះដូរមកវិញដោយមើលខ្សែភាពយន្តឥតគិតថ្លៃ ហើយខ្ញុំបានមើលខ្សែភាពយន្តជាច្រើនមកពីហុងកុង ចិន និងឥណ្ឌា ។ ល។

សម្រាប់ការថតខ្សែភាពយន្តមួយរឿង តើលោកត្រូវចំណាយដើមទុនឬថវិកាប្រហែលប៉ុន្មាន?

ខ្ញុំយកភាពយន្តបែបភ័យរន្ធត់ជាចំបង ដោយសារភាពយន្តទាំងនេះចំណាយប្រាក់តិចក្នុងការថតដែលមួយរឿងគឺចំណាយប្រហែលពី៥ទៅ៦ម៉ឺនដុល្លារ។ ការពិតទៅ ខ្ញុំចង់សាកល្បងថតប្រភេទខ្សែរភាពយន្តជាច្រើនផ្សេងទៀតដូចបរទេសដែរ ប៉ុន្តែបញ្ហាដ៏ធំមួយគឺភាពយន្តទាំងនេះត្រូវចំណាយប្រាក់ច្រើនណាស់់។ ក្នុងចិត្តរបស់ខ្ញុំ គឺខ្ញុំគិតថាថ្ងៃណាមួយខ្ញុំចង់ថតខ្សែរភាពយន្តពីយុគមាសរបស់កម្ពុជា ពោលគឺខ្សែភាពយន្តដែលយកលំនាំតាមប្រវត្តិសាស្រ្ត។ នៅឆ្នាំ២០២៥ ខ្ញុំ គិតថាចង់ថតខ្សែភាពយន្តរឿង ព្រះបាទជ័យវរ្ម័នទី៧ ដែលនឹងត្រូវចំណាយទឹកប្រាក់ប្រហែល៧លានដុល្លារ។

ក្នុងការថតរឿងនេះ យើងខ្ញុំមានបញ្ហាផ្នែកសិល្បៈមួយចំនួនដែរ ហើយយើងកំពុងតែរកមើលឳកាស។ ខ្ញុំបានថតខ្សែរភាពយន្តតាំងពីឆ្នាំ២០០០មក ប៉ុន្ដែខ្ញុំមិនសូវបានសន្សំប្រាក់ប៉ុន្មានទេ។ ប្រសិនបើភាពយន្តទទួលបានប្រជាប្រិយភាព ប្រាក់ចំណូលក៏មានទៅតាមនោះដែរ ប៉ុន្តែប្រាក់ចំណេញគឺមិនសូវមានទេ ព្រោះ១ឆ្នាំថតបានតែមួយរឿង។ មូលហេតុដែលខ្ញុំនៅ តែបន្តខំប្រឹងប្រែងគឺដោយសារនេះជាការងារដែលខ្ញុំស្រលាញ់។ នៅថ្ងៃអនាគត ខ្ញុំសង្ឃឹមជឿជាក់ថាទីផ្សារភាពយន្តនឹងរីកសាយទៅបរទេស ខ្សែភាពយន្តនឹងទទួលបានប្រាក់ចំណូលច្រើន ហើយយើងខ្ញុំនឹងអាចបន្តផលិតខ្សែរភាពយន្តបន្ដបន្ទាប់តទៅទៀត។

កន្លែងថតសខែ្សភាពយន្ត “ធ្មប់’ នៅឆ្នាំ ២០១៧

ចំណែកទីផ្សារខ្សែភាពយន្តក្រៅពីប្រទេសកម្ពុជាវិញ តើអ្នកកំពុងតែគិតចង់ពង្រីកអាជីវកម្មនៅក្រៅប្រទេសមែនឬទេ?

បាទ!ត្រូវហើយ គោលដៅរបស់ខ្ញុំគឺជប៉ុន កូរ៉េ ចិន និងឥណ្ឌា។ អាមេរិកមានទីផ្សារធំដូច្នេះខ្ញុំនឹងធ្វើវាចុងក្រោយ។

យើងសង្ឃឹមថាយើងនឹងអាចពង្រីកទៅតំបន់ផ្សេងៗនៃពិភពលោកនាពេលអនាគត។ វាពិតជាល្អណាស់ដែលអាចផ្លាស់ប្តូរវិស័យភាពយន្តរវាងកម្ពុជានិងជប៉ុន។

ខ្ញុំក៏យល់ស្របជាមួយនឹងគំនិតនេះ។ ខ្ញុំធ្លាប់បានទៅចូលរួមមហោស្រពភាពយន្តហុងកុងពីមុនមក ហើយខ្ញុំក៏ធ្លាប់ទៅប្រទេសចិននិងប្រទេសម៉ាឡេស៊ីជាច្រើនដងផងដែរ។ ខ្ញុំក៏មានបទពិសោធន៍ក្នុងការសំណេះសំណាល ជាមួយអ្នកដឹងនាំរឿងក្រៅស្រុកនានានៅក្នុងសិក្ខាសាលានានាក្នុងប្រទេសប្រ៊ុយណេ។ រឿងរបស់ខ្ញុំ (ធ្មប់) ត្រូវបានចាក់បញ្ចាំងក្នុងតំបន់សារិនក្នុងប្រទេសថៃ ប្រទេសឡាវ និងប្រទេសបារាំង។ រឿងនេះក៏ត្រូវចាក់បញ្ចាំងនៅរដ្ឋកាលីហ្វញ៉ាក្នុងមហោស្រពភាពយន្តកម្ពុជានៅទីក្រុងឡុងប៊ិច។គ្រប់ពេលដែលខ្ញុំធ្វើដំណើរទៅកន្លែងផ្សេងៗ ខ្ញុំទទួលការសម្ភាសជាច្រើន​រួមជាមួយការប្ដូរមតិយោបល់ទៅលើការផលិត ខ្សែភាពយន្ដ និងផ្ដោះផ្ដូរមតិក្នុង​ការថតខ្សែភាពយន្ដបញ្ចូលគ្នា។ខ្ញុំមានបំណងចង់ជួបសំណេះសំណាលជាមួយអ្នកដឹកនាំរឿងរបស់ប្រទេសជប៉ុន។

ការចូលរួមកម្មវិធីពានរង្វាន់មហោស្រពខ្សែភាពយន្ដអន្តរជាតិរបស់អាស៊ានក្នុងឆ្នាំ២០១៧

តើអ្នកមានចំណាប់អារម្មណ៍ទៅលើ រឿង ប្រពៃណី សិល្បៈរបស់ជប៉ុនដូចម្ដេចខ្លះ?

ខ្ញុំធ្លាប់ទស្សនារឿងពីមុនមក នៅក្នុងរឿងហ្សមប៊ីមួយឈ្មោះថា ”កុំបញ្ឈប់កាមេរ៉ា”។ ខ្ញុំមានចំណាប់អារម្មណ៏ជាខ្លាំងទៅលើប្រទេសជប៉ុន ហើយមានគោលបំណងចង់ទៅក្នុងឆ្នាំនេះ ក៏ប៉ុន្តែ​ ខ្ញុំមានការសោកស្ដាយដែលខ្ញុំមិនអាចទៅបានដោយសារ​ជម្ងឺកូរ៉ូណា។ ប្រទេសជប៉ុនមានប្រពៃណីដ៏យូរលង់ ហើយគួរយកជាគំរូក្នុងនាមជាសមាជិកទ្វីបអាស៊ី ទាក់ទងទាំងការសម្ដែងនិងសិល្បៈប្រពៃណី។ រូបខ្ញុំផ្ទាល់ក៏មានការគោរពចំពោះឥរិយាបទរបស់ប្រជាជនជប៉ុន។

ជាទីបញ្ចប់ តើមានប្រសាសន៏អ្វីជាចុងក្រោយទៅកាន់ទស្សនិកជនជប៉ុនដែរឬទេ?

ខ្ញុំមានគោលបំណងចង់អោយទស្សនិកជននៅជប៉ុនទាំងអស់បានទស្សនារឿង “ដើម្បីកូន”។​ រឿង “ធ្មប់“ ក៏ជារឿងប្រវត្តិសាស្ត្រ ទោះបីជារឿងនេះបង្ហាញអំពីអបិយជំនឿ ក៏ប៉ុន្តែអ្នកក៏អាចរៀនអំពីប្រពៃណីរបស់ខ្មែរ។ ខ្ញុំក៏មានគោលបំណងចង់ផ្ញើសមិទ្ធផលរបស់ខ្ញុំទៅកាន់ប្រជាជនខ្មែរដែលរង់ចាំនៅប្រទេសជប៉ុន។ អ្នកអាចទស្សនារឿង ”វិកលចរិក” ”ធ្មប់”និង​ ”ទារុណកម្មខ្មោច” នៅលើ Soyo និង Iflix (អក្សររត់ពីក្រោមជាភាសាអង់គ្លេស)។ សូមរង់ចាំទស្សនារឿង “ដើម្បីកូន”​ ដែលនិងចាក់បញ្ចាំងនៅក្នុងខែតុលា។

Huy Yaleng

អំពីអ្នកដឹកនាំ លោកហ៊ុយ យ៉ាឡេង

កើតក្នុងឆ្នាំ ១៩៧៩។ ចំណាយពេលនៅជំរុំជនភៀសខ្លួនមួយនៅព្រំដែនថៃបន្ទាយមានជ័យ។ បន្ទាប់ពីគាត់បានបរាជ័យក្នុងការសិក្សារបស់គាត់មក គាត់បានប្រែជាចាប់អារម្មណ៍នឹងការសម្តែងលើឆាកដែលក្នុងនាមជាតារាសម្តែង ហើយបានសិក្សាផលិតកម្មខ្សែភាពយន្តនៅសាកលវិទ្យាល័យភូមិន្ទសិល្បៈ។ បន្ទាប់ពីបញ្ចប់ការសិក្សា គាត់បានចាប់ផ្តើមក្រុមហ៊ុនផលិតផ្ទាល់ខ្លួន ហើយចាប់ផ្តើមផលិតខ្សែភាពយន្ត។ គាត់ដឹកនាំខ្សែភាពយន្តបែបរន្ធត់អំពីខ្មោចដើមចេក ខ្មែរក្រហមបានរស់ឡើងវិញនៅសម័យថ្មី និងជំងឺផ្លូវចិត្តដែលត្រូវបានប្រជាជនកម្ពុជាទាំងអស់ទទួលស្គាល់។

សូមចុចនៅទីនេះដើម្បីស្វែងយល់បន្ថែមអំពីអ្នកដឹកនាំរឿង!
https://en.wikipedia.org/wiki/Huy_Yaleng (Wikipedia)

កម្រងបោះពុម្ភជាភាសាជប៉ុនមាននៅក្នុងទំព័រតភ្ជាប់ខាងក្រោមនេះ របស់ “ទស្សនាវដ្តី ញញឹម”

日本・カンボジア「カルチュア」徹底研究!~国際交流基金 × NyoNyum コラボ企画~ 「映画に一生をささげる」と誓った情熱の男 フイ・ヤレン監督