irodori irodori

អ្វីជាសៀវភៅសិក្សាភាសាជប៉ុនសម្រាប់ជីវភាព IRODORI

បច្ចុប្បន្ននេះមនុស្សជាច្រើននាំគ្នាធ្វើដំណើរនិងធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសផ្សេងៗ។ នៅ ប្រទេសជប៉ុនចំនួនជនបរទេសដែលធ្វើចំណាកស្រុកមកធ្វើការក៏កើនឡើងជារៀងរាល់ឆ្នាំ ចាប់ពីការបង្កើតប្រព័ន្ធសិទ្ធិស្នាក់នៅសម្រាប់ពលករជំនាញពិសេសមក ជនបរទេសដែលមានសញ្ជាតិ និងវប្បធម៌ខុសៗគ្នាបានទទួលសិទ្ធិ និងឳកាសកាន់តែច្រើនក្នុងការរស់នៅនិងធ្វើការជាមួយគ្នាក្នុងសហគមន៍តែមួយ។

សៀវភៅសិក្សាភាសាជប៉ុន “IRODORI ភាសាជប៉ុនសម្រាប់ជីវភាពរស់នៅ” នេះជាសៀវភៅសិក្សាសម្រាប់ឱ្យ ជនបរទេសទទួលបានជំនាញភាសាជប៉ុនមូលដ្ឋានគ្រឹះដែលចាំបាច់ក្នុងការប្រាស្រ័យទាក់ទងក្នុងការរស់ នៅនិងធ្វើការនៅប្រទេសជប៉ុន។

អត្ថន័យនៃពាក្យ IRODORI មានន័យថា “លាបពណ៌” ឬ “ផ្លាស់ប្តូររូបរាងឬ លក្ខណៈរបស់វត្ថុមួយឱ្យកាន់តែស្រស់ស្អាតឬគួរឱ្យចាប់អារម្មណ៍ជាងមុន”។ យើងខ្ញុំបានជ្រើសរើសយកចំណងជើងនេះដោយសង្ឃឹមថាសៀវភៅនេះនឹងអាចជួយលោកអ្នកក្នុងការបំពេញសមត្ថភាពភាសាជប៉ុន សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃនៅក្នុងប្រទេសជប៉ុនព្រមទាំងជំនាញក្នុងការប្រាស្រ័យទាក់ទងតាមរយៈការ និយាយស្តីនិងការធ្វើសកម្មភាពជាមួយនឹងមនុស្សជុំវិញខ្លួនដូចជាអ្នកជិតខាងឬមិត្តរួមការងារជាដើម។

មិនថាអ្នកកំពុងតែមានគម្រោងមកប្រទេសជប៉ុនក្នុងពេលអនាគត ហើយចង់រៀនពីអ្វីដែលអ្នកគួរតែចេះមុនពេលមកដល់ ឬ ក៏អ្នកកំពុរស់នៅក្នុងប្រទេសជប៉ុន ហើយមានបំណងចង់បង្កើនសមត្ថភាពភាសាជប៉ុនរបស់អ្នកទេ យើងសង្ឃឹមដោយស្មោះថាសៀវភៅនេះនឹងអាចជួយអ្នកក្នុងការសម្រេចបាននូវគោលដៅរបស់អ្នក។

លក្ខណៈពិសេសរបស់សៀវភៅនេះ

IRODORI នឹងជួយបង្កើន “សមត្ថភាពអាចធ្វើបាន” របស់អ្នកក្នុងជីវភាពប្រចាំថ្ងៃនៅប្រទេសជប៉ុន។
“IRODORI ភាសាជប៉ុនសម្រាប់ជីវភាពរស់នៅ” គឺជាសៀវភៅសិក្សាភាសាជប៉ុនសម្រាប់អ្នកដែលកំពុងរស់នៅ និងអ្នកដែលមាន បំណងទៅរស់នៅក្នុងប្រទេសជប៉ុន។ អ្នកអាចរៀនភាសាជប៉ុនដែលចាំបាច់ក្នុងស្ថានភាពជីវិតប្រចាំថ្ងៃដូចជា ធ្វើការងារ ដើរទិញអីវ៉ាន់ ដើរកម្សាន្ត ញ៉ាំហារ និងប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។
គោលដៅនៃការសិក្សាសៀវភៅនេះ គឺដើម្បីបង្កើនសមត្ថភាពក្នុងការប្រើប្រាស់ភាសាជប៉ុនរបស់អ្នកតាមស្ថានភាពផ្សេងៗ ក្នុងជីវភាពប្រចាំថ្ងៃនៅប្រទេសជប៉ុន។ សមត្ថភាពដែលអ្នក “អាចធ្វើអ្វីបានខ្លះក្នុងស្ថានភាពណាមួយ” នេះហៅថាសមត្ថភាព Can-do។ តាមរយៈការសិក្សាដោយយក Can-do ជាគោល សៀវភៅនេះនឹងជួយឱ្យអ្នកសិក្សាទទួលបាននូវជំនាញទំនាក់ទំនង ដែលចាំបាច់សម្រាប់ជីវភាពរស់នៅប្រទេសជប៉ុន។
IRODORI នឹងផ្តល់ឱ្យអ្នកនូវសមត្ថភាពភាសាជប៉ុនកម្រិត A1 / A2 ។
សៀវភៅ IRODORI មាន៣ក្បាលគឺ (ភាគដំបូង) 1(ភាគ១) និង2(ភាគ២)។ ឆ្លើយតបទៅនឹងស្ដង់ដារអប់រំភាសាជប៉ុន JF (ភាគដំបូង) ស្មើនឹងកម្រិតA1 ហើយ1(ភាគ១) និង2(ភាគ២)ស្មើនឹងកម្រិតA2។ កម្រិតA1 ជាកម្រិតដែលអ្នកអាចធ្វើគារវកិច្ចដោយប្រើពាក្យ ងាយៗសម្រាប់ប្រាស្រ័យទាក់ទងបាន។ ឯកម្រិតA2 វិញ អ្នកអាចធ្វើការសន្ទនាពីប្រធានបទប្រចាំថ្ងៃជុំវិញខ្លួនខ្លីៗបាន។
※ ១.ភាគដំបូងមានគម្រោងចេញផ្សាយនៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២០ ។ ※ ២.ស្តង់ដារអប់រំភាសាជប៉ុន JF បែងចែកភាសាជប៉ុនជា៦កម្រិតគឺពី A1ដល់ C2ដែលស្របតាមការបែងចែក កម្រិតភាសាបរទេសរបស់ក្រុមប្រឹក្សាអឺរ៉ុប CEFRដែរ។

កម្រិត A1

  • អ្នកអាចយល់និងអាចប្រើសំនួនឃ្លាកម្រិតមូលដ្ឋានគ្រឹះដែលគេប្រើប្រចាំថ្ងៃបាន។
  • អ្នកអាចសួរនិងឆ្លើយនូវសំណួរអំពីព័ត៌មានផ្ទាល់ខ្លួនដូចជារបស់កម្មសិទ្ធិមនុស្សដែលស្គាល់កន្លែងរស់នៅនិងអាចណែនាំអំពីខ្លួនឯងនិងអ្នកដទៃបាន។
  • អ្នកអាចធ្វើការសន្ទនាងាយៗ បានប្រសិនបើដៃគូសន្ទនារបស់អ្នកនិយាយយឺតៗ ហើយច្បាស់ៗមកអ្នក។

កម្រិត A2

  • អ្នកអាចយល់នូវសំនួនវោហារសព្ទ និងប្រយោគដែលគេប្រើជាញឹកញាប់ ពេលទំនាក់ទំនងគ្នាពីព័ត៌មានផ្ទាល់ខ្លួន និងគ្រួសារ ការដើរទិញអីវ៉ាន់ អ្នកជិតខាង និងការងារជាដើម។
  • អ្នកអាចឆ្លើយតបបានទៅនឹងការផ្លាស់ប្តូរព័ត៌មានស្តីពីបញ្ហាប្រចាំថ្ងៃដែលអ្នកដឹងប្រសិនបើបញ្ហានោះស្ថិតក្នុងកម្រិតងាយ។
  • អ្នកអាចពន្យល់ដោយប្រើពាក្យងាយៗ ពីខ្លួនឯង ពីស្ថានភាពជុំវិញខ្លួន និងរឿងរ៉ាវសំខាន់ផ្សេងៗ។
level level
IRODORI គឺផ្អែកទៅលើ “ភាសាជប៉ុនសម្រាប់ជីវភាពរស់នៅ JF Can-do”
មូលនិធិជប៉ុន បានធ្វើការប្រកាសពី “ភាសាជប៉ុនសម្រាប់ជីវភាពរស់នៅក្រោមទម្រង់ Can-doរបស់ JF” នៅឆ្នាំ២០១៩។ នេះជាការណែនាំពីជំនាញភាសាជប៉ុនកម្រិតមូលដ្ឋាន ងការទំនាក់ទំនងក្រោមទម្រង់ Can-do សម្រាប់ជនបរទេសដែលភាសាជប៉ុន មិនមែនជាភាសាកំណើតត្រូវការជាចាំបាច់ពេលទៅរស់នៅ និងធ្វើការនៅប្រទេសជប៉ុនតាមប្រព័ន្ធ “សិក្ខាកាមជំនាញពិសេស” ។ ល។ ដោយសារសៀវភៅ​ IRODORI បានកំណត់គោលការណ៍សិក្សាផ្អែកលើ ភាសាជប៉ុនក្នុងជីវភាពរស់នៅក្រោមទម្រង់ Can-do របស់ JF ពេលអ្នកសិក្សាជាមួយសៀវភៅនេះរួចអ្នកនឹងអាចទទួលបាននូវជំនាញទំនាក់ទំនងជាមូលដ្ឋានគ្រឹះចាំបាច់សម្រាប់ការរស់នៅក្នុងប្រទេសជប៉ុន។ ដូចនេះសៀវភៅនេះត្រូវបានគេប្រើប្រាស់ដើម្បីត្រៀមប្រឡង តេស្តមូលដ្ឋានគ្រឹះភាសាជប៉ុនរបស់មូលនិធិជប៉ុន (JFT-Basic) ដែលជាតេស្តសម្រាប់វាស់ស្ទង់សមត្ថភាពភាសាជប៉ុនដែលចាំបាច់ មុនពេលពួកគេមកដល់ប្រទេសជប៉ុន។
ក្នុង IRODORI មានឯកសារសិក្សា និងឯកសារស្តាប់ដ៏សម្បូរបែប ហើយអ្នកអាចសិក្សាភាសាជប៉ុនដោយអនុវត្តតាមស្ថានភាពជាក់ស្ដែង
សៀវភៅ IRODORI សង្កត់ធ្ងន់ទៅលើការអនុវត្តស្តាប់។ ដើម្បីអាចប្រើប្រាស់ភាសាជប៉ុនក្នុងស្ថានភាពជាក់ស្ដែងបាន ការស្តាប់ ភាសាជប៉ុន ឱ្យបានច្រើនគឺសំខាន់ខ្លាំងណាស់។ ដូចនេះ IRODORI បានរៀបចំនូវឯកសារស្តាប់ជាច្រើន។ ម្យ៉ាងវិញទៀតខ្លឹមសារឯកសារដែលត្រូវបាន ប្រើសម្រាប់ការអាន និងការសរសេរ គឺជាខ្លឹមសារដែលត្រូវបានប្រើនៅក្នុងជីវភាពរស់នៅរបស់ជប៉ុនពិតៗ ដូចនេះអ្នកអាចអនុវត្តភាសាជប៉ុនដែលដូចនឹងភាសាជប៉ុនក្នុងស្ថានភាពពិតៗ នៅប្រទេសជប៉ុន។ តាមរយៈចំណុចខាងលើអ្នកអាចរៀនភាសាជប៉ុនដោយការអនុវត្ត ជាក់ស្ដែងហើយអាចប្រើប្រាស់បានភ្លាមៗ។
IRODORI មានប្រធានបទផ្សេងៗដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ឋទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ
សៀវភៅ IRODORI ត្រូវបានរៀបរៀងឡើងដោយផ្អែកទៅតាមការបែងចែកជាប្រធានបទ។ មេរៀននីមួយៗ មានលើកយកនូវប្រធានបទ ផ្សេងៗ ទាក់ទងនឹងជីវិតរស់នៅប្រទេសជប៉ុន។ ក្រៅពីការរៀនភាសាជប៉ុនយើងបានលើកយកបញ្ហាផ្សេងៗ ដែលទាក់ទងនឹងជីវភាព រស់នៅប្រចាំថ្ងៃ និងបរិបទនៅក្នុងប្រទេសជប៉ុនដើម្បីអោយអ្នកទទួលបានបទពិសោធន៍ពីជីវិត និងវប្បធម៌ជប៉ុន។ ម្យ៉ាងទៀតផ្នែកដែលមានប្រយោជន៍សម្រាប់ជីវភាពរស់នៅប្រទេសជប៉ុនក៏មានដែរ។
ក្នុង IRODORI ក៏មានការសិក្សាផ្នែកវេយ្យាករណ៍និងអក្សរកាន់ជីផងដែរ
គោលបំណងនៃសៀរភៅនេះគឺ ដើម្បីឱ្យអ្នកអាចប្រើភាសាជប៉ុនក្នុងការទំនាក់ទំនងក្នុងជីវភាពរស់នៅជាក់ស្តែងប្រចាំថ្ងៃបាន ដូចនេះការសិក្សាវេយ្យាករណ៍ ពាក្យ និងអក្សរកាន់ជី មិនមែនជាគោលដៅចម្បងរបស់សៀវភៅនេះទេ។ យ៉ាងណាមិញ ដើម្បីសម្រេចបាននូវ Can-do អ្នកត្រូវសិក្សានូវផ្នែកទាំងនេះ។ វេយ្យាករណ៍ ពាក្យ និងអក្សរកាន់ជីជាច្រើនដែលត្រូវបានប្រើនៅក្នុងសៀវភៅ បង្រៀនភាសាជប៉ុនកម្រិតដំបូងទូទៅក៏មានបញ្ចូលក្នុងសៀវភៅ IRODORI នេះផងដែរ។
អ្នកអាចទាញយកពីគេហទំព័រដោយសេរី
សៀវភៅ IRODORI ត្រូវបានដាក់នៅលើគេហទំព័រឱ្យប្រើប្រាស់ ដូចនេះអ្នកអាចទាញយកសៀវភៅនេះបានដោយសេរីពីគ្រប់ទីកន្លែងនៅលើពិភពលោក។ សៀវភៅនេះត្រូវបានដាក់ជាឯកសារ PDF ដូចនេះអ្នកអាចបោះពុម្ពវាចេញដើម្បីប្រើ ឬរក្សាទុកក្នុងថេប្លែត ឬស្មាតហ្វូនរបស់អ្នកដើម្បីមើល។ ឯកសារស្តាប់អ្នកអាចទាញយកពីគេហទំព័រហើយស្តាប់ ឬអាចស្តាប់ក្នុងគេហទំព័រផ្ទាល់ដោយ មិនដោនឡូតក៏បានដែរ។
សៀវភៅ IRODORI មានទំនាកទំនងជាមួយនឹងសៀវភៅ MARUGOTO
The topics and grammar points in each lesson of Irodori are loosely connected to “Marugoto: Japanese Language and Culture” a Japanese coursebook for overseas learners created by the Japan Foundation. You can use Irodori and Marugoto together, use part of Marugoto as a supplement when you study Irodori, or use Marugoto-related websites, such as Marugoto+ (Marugoto Plus), to study Irodori. ប្រធានបទរបស់សៀវភៅ IRODORI និងវេយ្យាករណ៍ដែលមាននៅក្នុងមេរៀននីមួយៗ គឺទាក់ទងយ៉ាងស្អិតរមួតជាមួយ “MARUGOTO ភាសា និងវប្បធម៌ជប៉ុន” ដែលជាសៀវភៅសិក្សាភាសាជប៉ុនសម្រាប់អ្នកសិក្សានៅក្រៅប្រទេសដែលបង្កើតដោយមូលនិធិជប៉ុន។ ដូចនេះ អ្នកអាចប្រើសៀវភៅ IRODORI និងសៀវភៅ MARUGOTO ជាមួយគ្នាបាន។ អ្នកអាចប្រើផ្នែកខ្លះនៃសៀវភៅ MARUGOTO ដើម្បីជាជំនួយដល់ការសិក្សា សៀវភៅ IRODORI បាន ឬប្រើប្រាស់គេហទំព័ររបស់ MARUGOTO ដូចជា MARUGOTO+ (MARUGOTO Plus)ក្នុងការសិក្សាសៀវភៅ IDORORI បានដូចគ្នា។
សៀវភៅនេះមានគោលបំណង ផ្សាភ្ជាប់មនុស្សតាមរយៈការប្រាស្រ័យទាក់ទងគ្នា និងការយល់ដឹង អំពីវប្បធម៌ទៅវិញទៅមក
គោលបំណងរួមនៃការសិក្សាសៀវភៅ IRODORI គឺ “ការយោគយល់គ្នាទៅវិញទៅមក” រវាងមនុស្សនឹងមនុស្ស។ នេះក៏ជាទស្សនៈមូលដ្ឋាន នៃស្តង់ដារអប់រំភាសាជប៉ុនរបស់ JF ដែលជាមូលដ្ឋាននៃសៀវភៅ IRODORI ផងដែរ។ សម្រាប់អ្នកដែលចាប់ផ្តើមជីវិតថ្មីនៅប្រទេសជប៉ុនជា ពិសេសសម្រាប់អ្នកដែលរស់នៅប្រទេសជប៉ុនទាំងអស់អាចផ្សាភ្ជាប់គ្នាតាមរយៈការយោគយល់គ្នាទៅវិញទៅមក ការស្គាល់គ្នា ការបង្ហាញពីខ្លួនឯងទៅវិញទៅមក ការផ្លាស់ប្តូរពីវប្បធម៌ និងការទំនាក់ទំនងជាភាសាជប៉ុន បន្ទាប់ពីបានប្រើប្រាស់សៀវភៅ IRODORI ហើយ ។

រចនាសម្ព័ន្ធសៀវភៅនេះ

សៀវភៅ IRODORI មាន៣ផ្នែកគឺ (ភាគដំបូង) (A1) 1(ភាគ១)(A2) និង2(ភាគ២)(A2)។ ឯកសារបង្រៀននីមួយៗមានដូចខាងក្រោម។

សៀវភៅច្បាប់ដើមPDF
គម្រប
សារទៅកាន់អ្នកប្រើប្រាស់ (ភាសាជប៉ុន ភាសាខ្មែរ)
របៀបប្រើប្រាស់សៀវភៅនេះ (ភាសាជប៉ុន ភាសាខ្មែរ)
តារាងមាតិកា (ភាសាជប៉ុន ភាសាខ្មែរ)
មេរៀនទី១ ដល់ ១៨
ការត្រួតពិនិត្យ Can-do
ព័ត៌មានបោះពុម្ពផ្សាយ
ឯកសារស្តាប់
មេរៀនទី១ ដល់ ១៨
ឯកសារបន្ថែម
ចម្លើយ តារាងពាក្យ វិធីសាស្ត្រក្នុងការបង្រៀន ឯកសារដែលនឹងត្រូវចេញផ្សាយបន្តបន្ទាប់។

របៀបប្រើប្រាស់សៀវភៅ

1 រចនាសម្ព័ន្ធតាមមេរៀននីមួយៗ

(ភាគដំបូង) 2(ភាគ១) និង2(ភាគ២) តាមកម្រិតនីមួយៗមានប្រធានបទចំនួន៩ដែលត្រូវបានគេបែងចែកចេញជា១៨មេរៀន។
ពេលវេលាដែលអ្នកត្រូវចំណាយក្នុងការបង្រៀនមេរៀនមួយគឺពី១៥០ទៅ១៨០នាទី។ ចំនួននៃលំហាត់អនុវត្តដែលមានក្នុង មេរៀនមានភាពខុសៗគ្នាទៅតាមមេរៀននីមួយៗ ដូចនេះសូមធ្វើការកែសម្រួលចំនួនម៉ោងសិក្សាទៅតាមនោះ។

រចនាសម្ព័ន្ធតាមមេរៀននីមួយៗមានតាមលំនាំដូចខាងក្រោមនេះ៖

ប្រធានបទនិងចំណងជើងមេរៀន
សំណួរផ្តើម
សំណួរទាំងនេះគឺដើម្បីឱ្យសិស្សធ្វើការសាកល្បងគិតពិចារណាពីប្រធានបទដែលនឹងត្រូវបានលើកឡើងនៅក្នុងមេរៀន។ ចូរឱ្យសិស្សនិយាយពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់គេដែលទាក់ទងនឹងប្រធានបទមេរៀន។
លំហាត់អនុវត្ត
លំហាត់អនុវត្ត ជាផ្នែកសំខាន់មួយនៃសៀវភៅសិក្សានេះដើម្បីឱ្យសិស្សសម្រេចបាននូវសមត្ថភាព Can-do។ ក្នុងមេរៀន នីមួយៗ មានលំហាត់អនុវត្តចំនួនពី ៣ ដល់ ៦។ តាមរយៈការអនុវត្តលំហាត់អនុវត្តទាំងនេះ អ្នកនឹងអាចប្រើប្រាស់ភាសា ជប៉ុនរបស់អ្នកបានក្នុងស្ថានភាពជាក់ស្ដែង។
អត្ថបទជំនួយក្នុងការស្តាប់
អក្សរកាន់ជី
ក្នុងផ្នែកនេះអ្នកនឹងរៀនអក្សរ កាន់ជី នៃពាក្យដែលមានក្នុងមេរៀន។
កំណត់សម្គាល់វេយ្យាករណ៍
ក្នុងផ្នែកនេះមានការការពន្យល់អំពីវេយ្យាករណ៍ និងទម្រង់ប្រយោគដែលមានក្នុងមេរៀននីមួយៗ ។
គន្លឹះនៃជីវភាពរស់នៅក្នុងប្រទេសជប៉ុន
ក្នុងនេះមានការពន្យល់អំពីវប្បធម៌ជប៉ុននិងរឿងរ៉ាវទាក់ទងនឹងប្រទេសជប៉ុនដែលចេញនៅក្នុងលំហាត់មេរៀន។

2ខ្លឹមសារនៃលំហាត់អនុវត្ត

(1)ប្រភេទ និងគោលដៅនៃសកម្មភាព

នៅក្នុងមេរៀននីមួយៗ មានលំហាត់អនុវត្ត ៤ប្រភេទ និយាយ ស្តាប់ អាន និងសរសេរ។ ក្នុងលំហាត់អនុវត្តនីមួយៗគឺវាមានលក្ខណៈឯករាជ្យ ប៉ុន្តែវាក៏មានទំនាក់ទំនងគ្នាក្នុងមេរៀននោះផងដែរ។ ចំនួន និងប្រភេទនៃលំហាត់អនុវត្តគឺខុសៗ គ្នាទៅតាមមេរៀន ហើយលំហាត់អនុវត្តការនិយាយគឺមានច្រើន។ គោលដៅជារួមនៃសកម្មភាពទាំង ៤ គឺមានជាបន្តបន្ទាប់នេះ៖

ការនិយាយ
មានគោលដៅឱ្យអ្នកអាចសួរនឹងឆ្លើយទៅនឹងសំណួរក្នុងស្ថានភាពទូទៅ និងធ្វើការពន្យល់អំពី រឿងរ៉ាវផ្ទាល់ខ្លួន ឬអំពីអ្វីមួយដែលអ្នកបានដឹង។
ការស្តាប់
មានគោលដៅឱ្យអ្នកអាចស្តាប់យល់នូវខ្លឹមសារសំខាន់ៗ ក្នុងការសន្ទនាប្រចាំថ្ងៃ ស្តាប់យល់នូវ ព័ត៌មានសំខាន់ៗ ដូចជាការប្រកាសជូនដំណឹងជាសាធារណៈ ឬព័ត៌មានទូទៅជាដើម។
ការអាន
មានគោលដៅឱ្យអ្នកអាចអានយល់ពីខ្លឹមសារព័ត៌មានដែលអ្នកនឹងត្រូវជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃដូចជាសេចក្តីជូនដំណឹងទូទៅ ការណែនាំដែលមានបិតនៅកន្លែងសារធារណៈតារាងបញ្ជីមុខម្ហូបក្នុងភោជនីយដ្ឋាននិងខិត្តប័ណ្ណដែលសរសេរជាភាសាជប៉ុនងាយៗសម្រាប់ជនបរទេសជាដើម។
ការសរសេរ
មានគោលដៅឱ្យអ្នកអាចបំពេញបែបបទដែលចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃ ផ្ញើសារទៅ នរណាម្នាក់ សរសេរពីរឿងរ៉ាវងាយៗ ដែលខ្លួនបានដឹងនៅលើបណ្ដាញសង្គមជាដើម។
(2)លំនាំនៃលំហាត់អនុវត្តនីមួយៗ មានជំហានដូចខាងក្រោម៖

សកម្មភាពនីមួយៗមានជំហានដូចខាងក្រោមៈ

គោលដៅនៃ Can-do
ពិនិត្យមើល Can-do និងគោលបំណងនៃលំហាត់អនុវត្ត។
លំហាត់អនុវត្ត
អនុវត្តលំហាត់ និយាយ ស្តាប់ អាន និងសរសេរ។
ពិនិត្យមើល Can-do
ប្រើផ្នែក “ពិនិត្យមើល Can-do” ដែលមាននៅចុងបញ្ចប់នៃសៀវភៅ ដើម្បីវាយតម្លៃសមត្ថភាពរបស់ខ្លួន។ នៅក្នុងការពិនិត្យមើល Can-do នោះអ្នកអាចវាយតម្លៃខ្លួនឯងថា តើអាចសម្រេចបាននូវ Can-do កម្រិតណាហើយអ្នកអាចសរសេរមតិយោបល់និងចំណាប់អារម្មណ៍របស់អ្នកចំពោះលំហាត់អនុវត្តនោះ និងអ្វីដែលអ្នកចង់អនុវត្តបន្ទាប់ពីនោះបាន។ អ្នកអាចធ្វើការត្រួតពិនិត្យមើល Can-do នៅចុងបញ្ចប់នៃលំហាត់នីមួយៗ ឬអ្នកអាចសរសេរវានៅពេលដែលអ្នករៀនមេរៀនចប់ក៏បាន។
(3) លំនាំលំហាត់អនុវត្ត និយាយ ស្តាប់ អាន និង សរសេរ
ការនិយាយ
  • ពិនិត្យមើលគោលដៅរបស់ Can-do

  • សិក្សាពាក្យ

    សិក្សាពាក្យដែលចាំបាច់ក្នុងការអនុវត្តលំហាត់តាមលំដាប់លំដោយខាង ក្រោម (លំហាត់ខ្លះមាន ខ្លះមិនមាន)។

    • ស្តាប់បណ្តើរ មើលរូបបណ្តើរ ហើយពិនិត្យមើលអត្ថន័យ
    • ស្ដាប់ហើយព្យាយាមថាតាម
      គោលបំណងនៃលំហាត់ គឺការស្ដាប់ការបញ្ចេញសំឡេង មិនមែន ដើម្បីឱ្យចងចាំពាក្យទេ។
    • ស្តាប់ហើយជ្រើសរើសរូបភាព
      ស្ដាប់ហើយបញ្ជាក់ថា តើអ្នកអាចយល់អត្ថន័យពាក្យភ្លាមៗ ដែរ ឬទេ។ គោលបំណងគឺ ដើម្បីអាចភ្ជាប់អត្ថន័យទៅនឹងរូបភាព។
  • ស្តាប់ការសន្ទនាគំរូ

    គោលដៅសំខាន់នៃលំហាត់នេះគឺអនុវត្តនិយាយ ប៉ុន្តែជាដំបូងអ្នកត្រូវស្តាប់ការសន្ទនាគំរូហើយយល់អត្ថន័យខ្លះៗជាមុនសិន។ អ្នកមិនចាំស្វែងយល់លំអិតពីវេយ្យាករណ៍និងសំនួនវោហាសព្ទទេ។

    តាមលំហាត់អនុវត្តរបស់ការសន្ទនាគំរូអ្នកនឹងជួបនូវលំហាត់ស្ដាប់ការសន្ទនាខ្លីៗដែលមានប្រធានបទខុសគ្នានិងលំហាត់ស្ដាប់ការសន្ទនាវែងដែលមានប្រធានបទតែមួយ។ សម្រាប់លំហាត់ស្ដាប់ដែលវែងអត្ថបទសន្ទនានឹងមាននៅក្នុងទំព័រនោះស្រាប់ ហើយលំហាត់ស្ដាប់ដែលខ្លី អត្ថបទសន្ទនានឹងមាននៅទំព័រក្រោយ។

    <ករណីដែលមិនមានអត្ថបទសន្ទនា>

    • មុនពេលស្ដាប់សូមបញ្ជាក់ថាតើគេនិយាយអំពីអ្វី ហើយក្នុងស្ថានភាពបែបណា។
    • ស្តាប់ការសន្ទនា។ ឆ្លើយសំណួរបណ្ដើរ ស្វែងយល់អត្ថន័យដែលសំខាន់បណ្តើរ។
    • បន្ទាប់ពីបញ្ជាក់អត្ថន័យនៃសំនួនវោហាសព្ទ និងពាក្យថ្មីៗ នៅក្នុង □ ស្តាប់ម្ដងទៀតហើយ អ្នកនឹងយល់នូវខ្លឹមសារអត្ថបទបានលំអិតបន្តិច។

    <ករណីដែលមិនមានអត្ថបទសន្ទនា>

    • មុនពេលស្ដាប់សូមបញ្ជាក់ថាតើគេនិយាយអំពីអ្វី ហើយក្នុងស្ថានភាពបែបណា។
    • ស្តាប់ការសន្ទនា។ ឆ្លើយសំណួរបណ្ដើរ ស្វែងយល់អត្ថន័យដែលសំខាន់បណ្តើរ។
    • បន្ទាប់ពីបញ្ជាក់អត្ថន័យនៃសំនួនវោហាសព្ទ និងពាក្យថ្មីៗ នៅក្នុង □ ស្តាប់ម្ដងទៀត ហើយអ្នកនឹងយល់នូវខ្លឹមសារអត្ថបទបានលំអិតបន្តិច។
  • ពិនិត្យមើលទម្រង់

    សិក្សានូវវេយ្យាករណ៍និងសំនួនឃ្លាដែលចាំបាច់ដើម្បីសម្រេចបានសមត្ថភាព Can-do ។

    • ផ្ដោតទៅលើវេយ្យាករណ៍និងសំនួនឃ្លា
      ចន្លោះដែលមានគូរបន្ទាត់ខាងក្រោមក្នុងការសន្ទនាគំរូ ជាវេយ្យាករណ៍ឬសំនួនឃ្លានៃមេរៀនដែលអ្នកត្រូវសិក្សា។
      ចូរស្ដាប់ហើយបំពេញពាក្យពីលើបន្ទាត់ដោយពិនិត្យមើលទម្រង់នៃពាក្យដែលអ្នកបានបំពេញ។
    • គិតអំពីអត្ថន័យ និងរបៀបប្រើប្រាស់នៃវេយ្យាករណ៍ និងសំនួនឃ្លានោះ
      ចូរឆ្លើយសំណួរ exclamationហើយគិតពីរបៀបប្រើប្រាស់ និងអត្ថន័យនៃវេយ្យាករណ៍ និងសំនួនឃ្លា។ គ្រូមិនត្រូវពន្យល់វេយ្យាករណ៍មុនទេ។
      សិស្សត្រូវស្វែងរកគន្លឹះនៃវេយ្យាករណ៍របស់ភាសាជប៉ុនដោយខ្លួនឯង។
      → បន្ទាប់ពីនោះ សូមអានការពន្យល់ និងប្រយោគឧទាហរណ៍នៅ ក្នុងផ្នែកកំណត់សម្គាល់វេយ្យាករណ៍។
    • ពិនិត្យមើលទម្រង់ ហើយស្តាប់ការសន្ទនាគំរូម្តងទៀត
      បញ្ជាក់ និងស្តាប់សន្ទនាគំរូម្តងទៀត ថាតើសំនួនវោហាសព្ទ និងទម្រង់ប្រយោគដែលបានរៀននៅក្នុងមេរៀននេះត្រូវបានប្រើយ៉ាងដូចម្តេចនៅក្នុងឃ្លាសន្ទនា។
  • អនុវត្តការនិយាយ

    នេះជាគោលដៅចំបងក្នុងលំហាត់និយាយ។ ចូរអនុវត្តបន្តិចម្ដងៗ តាមលំដាប់លំដោយ។

    • ស្តាប់ការសន្ទនាគំរូ
      ស្តាប់បណ្តើរ មើលការសន្ទនាគំរូបណ្តើរ។ ពិនិត្យលំហូរនៃការសន្ទនា និងសំនួនឃ្លា។
    • ស្ដាប់ហើយថាតាមពីក្រោយឱ្យទាន់សំឡេង
      នេះជាលំហាត់ដើម្បីអនុវត្តការនិយាយឱ្យបានរលូន។ ដំបូងមើលអត្ថបទសន្ទនាគំរូបណ្ដើរ ស្តាប់ហើយថាតាមពីក្រោយឱ្យទាន់សំឡេង។ ធ្វើដដែលៗប៉ុន្មានដងរួចមកជាចុងក្រោយ ស្តាប់ហើយ និយាយតាមឱ្យទាន់សំឡេងដោយមិនមើលអត្ថបទសន្ទនាគំរូ។
    • អនុវត្ត
      បន្ទាប់ទៀតសូមអនុវត្ត ៤. និយាយដោយសេរី។ លំហាត់ខ្លះមាន ហើយខ្លះមិនមាន។ ប្ដូរពាក្យនៅក្នុងសន្ទនា ហើយនិយាយដោយ ប្រើខ្លឹមសារនៅក្នុងសន្ទនាគំរូទី ១។ 3.
    • និយាយដោយសេរី
      ចូរនិយាយដោយសេរីពីខ្លួនឯង ឬដើរតួសន្ទនា។ ហើយមិនត្រឹមតែដូរពាក្យនៅក្នុងសន្ទនាគំរូទេ អ្នកអាចនិយាយដោយ សេរីនូវរឿងដែលចង់និយាយបាន។ អ្នកអាចប្រើវចនានុក្រម ឬទូរស័ព្ទដើម្បីស្វែងរកពាក្យបាន។
  • ពិនិត្យមើល Can-do

ការស្តាប់

ដំណើរការនៃលំហាត់ស្ដាប់ គឺដូចទៅនឹងលំហាត់និយាយដែរ ប៉ុន្ដែគោលបំណងក្នុងការសម្រេចបាននូវ Can-do គឺអ្នកត្រូវស្តាប់ឱ្យយល់។
ពេលដែលអ្នកអាចស្ដាប់បានចំណុចសំខាន់ហើយមានន័យថាអ្នកអាចឈានដល់គោលដៅហើយ។

  • ពិនិត្យគោលដៅ Can-do

  • សិក្សាពាក្យ

    មុនពេលស្តាប់ ត្រូវសិក្សាពាក្យជាមុនសិន។ លំហាត់ខ្លះមានការសិក្សាពាក្យតែលំហាត់ខ្លះមិនមានទេ។
    លំនាំធ្វើលំហាត់គឺដូចទៅនឹងការអនុវត្តលំហាត់និយាយដែរ។

  • ការស្តាប់

    នេះជាផ្នែកមួយសំខាន់ដើម្បីសម្រេចបាននូវគោលដៅ (Can-do)។

    • កំណត់ស្ថានភាព
      មុនពេលស្តាប់ ចូរមើលរូបភាពបណ្តើរ ហើយមើលថាតើអ្នកនឹងត្រូវស្តាប់អ្វី ដើម្បីអ្វី ហើយក្នុងស្ថានភាពបែបណា។
    • យល់ពីលំដាប់លំដោយនៃអត្ថន័យ
      ស្តាប់ហើយស្វែងរកចំណុចសំខាន់បណ្តើរ ឆ្លើយសំណួរបណ្ដើរ។ ប្រភេទលំហាត់គឺខុសៗគ្នាដែលមានដូចជា ជ្រើសរើសរូបភាពដែលត្រូវនឹងអត្ថន័យជ្រើសរើសពាក្យគន្លឹះ កត់ចំណាំចំនុចសំខាន់ និងគូសសញ្ញាត្រូវខុសជាដើម។ អ្នកមិនចាំបាច់យល់អត្ថន័យនៃការស្ដាប់ទាំង ស្រុងនោះទេ។ ប្រសិនបើអាចឆ្លើយនឹងសំណួរបានគឺមានន័យថា អ្នកអាចសម្រេចបាននូវ Can-do ហើយ។
    • មើលពាក្យហើយស្ដាប់ម្ដងទៀត
      នេះជាលំហាត់បន្ថែម ដែលអាចធ្វើឱ្យអ្នកយល់អត្ថន័យលំអិតបាន។ បន្ទាប់ពីមើលអត្ថន័យពាក្យ និងសំនួនឃ្លារួចហើយ សូមស្តាប់ម្ដងទៀត។
      នៅក្នុងកម្រិតដំបូងនេះមានក៏មានពាក្យពិបាកមួយចំនួនដែរ ដូចនេះអ្នកមិនចាំបាច់ចងចាំពាក្យទាំងអស់ក៏បាន។
      → ប្រសិនបើអ្នកចង់បញ្ជាក់នូវចំណុចដែលអ្នកស្តាប់មិនយល់ អ្នកអាច មើលអត្ថបទស្ដាប់នៅខាងក្រោយបាន។
  • ពិនិត្យមើលទម្រង់

    ចូរផ្តោតទៅលើវេយ្យាករណ៍ និងសំនួនឃ្លាពីលំហាត់ដែលអ្នកកំពុងស្ដាប់។ លំនាំអនុវត្តលំហាត់ស្ដាប់ក៏ដូចទៅនឹងលំហាត់និយាយដែរ។
    ប្រសិនបើមេរៀននោះមិនមានវេយ្យាករណ៍ ឬសំនួនឃ្លាថ្មីៗទេ ចំណុចនេះក៏មិនមានដែរ។

  • ពិនិត្យទៅលើ Can-do

អនុវត្តលំហាត់អាន
  • ការបញ្ជាក់ Can-do

  • អនុវត្តការអាន

    នេះជាផ្នែកសំខាន់ដើម្បីឈានដល់គោលដៅរបស់ Can-do។

    • កំណត់ស្ថានភាព
      មុនពេលអាន ចូរពិនិត្យមើលថាតើអ្នកនឹងត្រូវអានពីអ្វី ដើម្បីអ្វី ហើយក្នុងស្ថានភាពបែបណា។
    • ស្វែងយល់ចំណុចសំខាន់បណ្តើរ ឆ្លើយនឹងសំណួរបណ្ដើរ។

      ដំបូងអ្នកត្រូវយល់ថាតើគេសរសេរអំពីអ្វីឬព័ត៌មានសំខាន់មាន សរសេរនៅកន្លែងណាជាដើម បន្ទាប់មកអានឱ្យយល់ព័ត៌មានលំអិត។ អ្នកមិនចាំបាច់យល់ទាំងអស់ក៏បានដែរគ្រាន់តែអាចឆ្លើយទៅនឹងសំណួរបាន គឺបានន័យថាអ្នកអាចសម្រេច Can-do បានហើយ។ ក្នុងជីវភាពប្រចាំថ្ងៃជាក់ស្ដែងនៅប្រទេសជប៉ុន នៅលើអក្សរកាន់ជីមិនមានដាក់ររក្សរហ៊ីរ៉ាហ្គាណាសម្រាប់អានទេ។

      ក្នុងសៀវភៅនេះក៏មិនមានអរក្សរហ៊ីរ៉ាហ្កាណាសម្រាប់អានដូចក្នុងស្ថានភាពជាក់ស្តែងប្រចាំថ្ងៃដែរ ដូចនេះអ្នកត្រូវព្យាយាមអនុវត្តឱ្យដូចក្នុងជីវភាពប្រចាំថ្ងៃក្នុងប្រទេសជប៉ុនដោយព្យាយាមអាន បណ្ដើរ សាកទាយនិយមន័យពាក្យបណ្ដើរ ហើយព្យាយាមកាត់ន័យយល់តាមរយៈ ការមើលរូបថត ឬរូបភាព ដោយមិនប្រើវចនានុក្រមដើម្បីផ្ទៀងផ្ទាត់នូវអត្ថន័យ។

      shioriពាក្យសំខាន់ៗ ជាពាក្យដែលមានប្រយោជន៍ក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៅប្រទេសជប៉ុន ហើយអ្នកសិក្សាកម្រិតមធ្យមគួរតែចងចាំពាក្យទាំងនេះទុក។
      ដំបូងចូរអានដោយខ្លួនឯងជាមុនសិនដោយកុំមើលវចនានុក្រម។ បន្ទាប់មកចូរស្វែងរកន័យរបស់ពាក្យ និងរបៀបអានរបស់ពាក្យកាន់ជិដែលអ្នកមិនយល់។ អ្នកនឹងអាចអាចបានច្រើនជាងមុន បន្ទាប់ពីព្យាយាមធ្វើបែបនេះរួច។

    • យល់ឱ្យកាន់តែស៊ីជម្រៅអំពីអត្ថន័យដែលបានអានរួច។
      អ្នកអាចយល់ដឹងឱ្យបានស៊ីជម្រៅតាមរយៈការឆ្លើយសំណួរ និយាយពីបទពិសោធផ្ទាល់ខ្លួន និងប្រៀបធៀបខ្លឹមសារអ្វីដែលអ្នកកំពុងអានទៅនឹងប្រទេសរបស់អ្នកហើយពេលសិក្សាអ្នកអាចប្រើភាសាតាមប្រទេសរបស់អ្នកបាន។ ក្នុងលំហាត់ខ្លះមានជំហានបែបនេះ ប៉ុន្ដែខ្លះមិនមានទេ។
  • ពិនិត្យមើលទម្រង់

    វេយ្យាករណ៏និងសំនួនឃ្លាភាគដំបូងដែលអ្នកគួរយល់ដឹង ត្រូវបានគេស្រង់ចេញពីអត្ថបទដែលអ្នកបានអាន។ ជំហាននៃការអនុវត្តគឺដូចទៅនឹងការអនុវត្តលំហាត់និយាយនិងស្តាប់ដែរ ប៉ុន្តែក្នុងលំហាត់អានមិនមានឯកសារសំឡេងទេ។ អ្នកត្រូវមើលអត្ថបទបណ្ដើរ បំពេញពាក្យក្នុងចន្លោះបណ្ដើរ។ យោងទៅតាមសកម្មភាព ករណីខ្លះមាន ហើយករណីខ្លះក៏មិនមានដែរ។ ក្នុងលំហាត់ខ្លះមានជំហានបែបនេះ ប៉ុន្ដែខ្លះមិនមានទេ។

  • ពិនិត្យមើល Can-do

អនុវត្តលំហាត់សរសេរ
  • ពិនិត្យមើលគោលដៅ Can-do

  • ការសរសរ

    • ពិនិត្យខ្លឹមសារលំហាត់
      មុននឹងសរសេរ ចូរកំណត់ថាតើអ្នកត្រូវសរសេរពីអ្វី ដើម្បីអ្វី ហើយក្នុងស្ថានភាពបែបណា។
    • អានឧទាហរណ៍
      ចូរអានឧទាហរណ៍ហើយត្រូវគិតថាតើអ្នកគួរសរសេរបែបណាល្អ។ ក្នុងលំហាត់ខ្លះគេតម្រូវឱ្យអ្នកអាន។
    • សរសេរ
      ក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៅជប៉ុនការបំពេញឯកសារផ្សេងៗមានការសរសេរដោយដៃនិងសរសេរតាមឧបករណ៍អេឡិចត្រូនិច។ សូមព្យាយាមប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនឬក្តារចុចកុំព្យូទ័រដើម្បីសរសេរព័ត៌មានឬផ្ញើសារផ្សេងៗ។
    • ទទួលយកមតិយោបល់អំពីអ្វីដែលអ្នកបានសរសេរ
      ចូរអានអ្វីដែលមិត្តរួមថ្នាក់បានសរសេរ បញ្ចេញមតិយោបល់ទៅវិញទៅមកហើយធ្វើការឆ្លើយតបមតិ។ ការទទួលយកមតិពីអ្នកដទៃ អាចនឹងជួយឱ្យអ្នកអាចបង្កើតរបៀបសរសេរផ្សេងៗទៀតតាមការគិតរបស់អ្នកដទៃ។ ក្នុងលំហាត់ខ្លះមានចំណុចនេះ ហើយខ្លះមិនមានទេ។
  • ពិនិត្យមើល Can do

3ជំហានរបស់ផ្នែកផ្សេងៗ

អក្សរកាន់ជី
ផ្នែកនេះជាផ្នែកអនុវត្តពាក្យកាន់ជីក្នុងកម្រិតបឋម។ គោលដៅគឺដើម្បីឱ្យអ្នកអាចមើលយល់អត្ថន័យកាន់ជិសំខាន់ៗនៅក្នុងជីវភាពប្រចាំថ្ងៃ ហើយក្នុងករណីចាំបាច់យើងអាចវាយបញ្ចូលអក្សរកាន់ជីតាមកុំព្យូទ័រនិងទូរស័ព្ទស្មាតហ្វូនជាដើម។
នៅក្នុងមេរៀននីមួយៗមានពាក្យជាអក្សរកាន់ជីប្រហែល១០ដែលមាននៅក្នុងលំហាត់។ ពាក្យជាអក្សរកាន់ជីដែលរៀននៅក្នុង (ភាគដំបូង) 1(ភាគ១) និង2(ភាគ២) សរុបទាំងអស់មាន៤២៩អក្សរ មានដូចខាងក្រោមនេះ។
  • ពិនិត្យមើលរបៀបអានអក្សរកាន់ជីនិងអត្ថន័យរបស់វា

    ចូរផ្តោតទៅលើរបៀបនិងអត្ថន័យពាក្យអានជី។ អក្សរកាន់ជី ត្រូវបានគេសរសេរជាប្រភេទអក្សរបីប្រភេទ។ ដូចនេះអ្នកនឹងអាចទម្លាប់ជាមួយការប្រើរបៀបនេះ។

  • អានពាក្យ កាន់ជី នៅក្នុងឃ្លា

    អានឃ្លាដែលមានអក្សរកាន់ជីថាតើអ្នកអាចអាន និងយល់បានដែរ ឬទេ។

  • វាយអក្សរ កាន់ជិ បញ្ចូល

    សូមព្យាយាមសរសេរពាក្យ កាន់ជី ទាំងនោះដោយប្រើទូរស័ព្ទ ក្ដារចុចកុំព្យូទ័រ ឬថេតប្រូតជាដើម ថាតើអ្នកអាចវាយបញ្ចូលបានត្រឹមត្រូវដែរ ឬទេ។ ក្នុងការសិក្សាសៀវភៅនេះ សិស្សមិនចាំបាច់រៀនសរសេរអក្សរកាន់ជី ដោយដៃនោះទេ ប៉ុន្តែអ្នកដែលមានចំណាប់អារម្មណ៍អាចរៀនខ្លួនឯងបាន។

កំណត់សម្គាល់វេយ្យាករណ៍
ក្នុងនេះមានការពន្យល់អំពីវេយ្យាករណ៍ដែលមានក្នុងមេរៀន។ វេយ្យាករណ៍ដែល ត្រូវរៀនគឺយកពីផ្នែក “ពិនិត្យមើលទម្រង់” ។ បើអ្នកអានការពន្យល់ក្នុងនេះ អ្នកនឹងអាចយល់ចម្លើយរបស់លំហាត់ផ្នែក exclamation ពិនិត្យមើលទម្រង់។
ក្នុងនេះមានការពន្យល់អំពីទម្រង់និងនិយមន័យរបស់វេយ្យាករណ៍ក្នុងមេរៀននីមួយៗ។ ម្យ៉ាងទៀត ក៏មានឃ្លាឧទាហរណ៍ និង ព័ត៌មានបន្ថែមអំពីរបៀបប្រើប្រាស់ផ្សេងៗ ដែលមិនមានក្នុងលំហាត់អនុវត្តផងដែរ។ លើសពីនេះទៀតមានតារាងបំបែកទម្រង់ តារាងប្រៀបធៀប និងតារាងឃ្លាដែលស្រដៀងគ្នា ដែលចាំបាច់សម្រាប់ការសិក្សារបស់អ្នក។
នៅក្នុងថ្នាក់រៀន សិស្សត្រូវគិតដោយខ្លួនឯងអំពីការប្រើប្រាស់វេយ្យាករណ៍ និងសំនួនឃ្លាតាមរយៈចំណុចពិនិត្យមើលទម្រង់។ សិស្សអាចអានការពន្យល់នៅក្នុងផ្នែកនេះ ហើយគ្រូក៏អាចប្រើប្រាស់ផ្នែកនេះដើម្បីពន្យល់សិស្សផងដែរ។ ម្យ៉ាងវិញទៀតសិស្សអាចមើលត្រួសៗ ពេលរៀនក្នុងថ្នាក់ ហើយគ្រូអាចឱ្យសិស្សអានការពន្យល់ដូចជាកិច្ចការផ្ទះ។
ការសិក្សាវេយ្យាករណ៍ក្នុងសៀវភៅសិក្សានេះមិនមែនជាគោលដៅចំបងទេ។ ប្រសិនបើចាំបាច់ក្នុងការសិក្សា សូមប្រើឯកសារបន្ថែមដូចជាសៀវភៅ (ស្វែងយល់) របស់ MARUGOTO (សៀវភៅសិក្សាសម្រាប់សមត្ថភាពទំនាក់ទំនង) ជាដើម។ ប៉ុន្តែសូមកុំធ្វើការអនុវត្ត វេយ្យាករណ៍ឱ្យឃ្លាតឆ្ងាយពីគោលដៅរបស់ Can-do។
ការពន្យល់នៅក្នុងផ្នែកនេះត្រូវបានរៀបរៀងជាភាសាអង់គ្លេសឬភាសាតាមប្រទេសនីមួយៗ។
ភាសាជប៉ុនគឺជាឯកសារសម្រាប់ជាជំនួយដល់គ្រូ ដូចនេះអ្នកសិក្សាមិនចាំបាច់អាននិងយល់ភាសាជប៉ុននៅផ្នែកនេះទេ។
គន្លឹះសម្រាប់ជីវភាពរស់នៅក្នុងប្រទេសជប៉ុន
នៅក្នុងផ្នែកនេះមានចងក្រងនូវចំណេះដឹងដែលមានប្រយោជន៍ក្នុងការរស់នៅប្រចាំថ្ងៃក្នុងប្រទេសជប៉ុន។ អ្នកអាចរីករាយជាមួយនឹងការអានអត្ថបទអំពីជីវភាពរស់នៅក្នុងប្រទេសជប៉ុននិងពីវប្បធម៌ជប៉ុនដែលអមដោយរូបថតនិងរូបភាពដ៏សំបូរបែបជាច្រើន។
ប្រធានបទនីមួយៗក្នុងផ្នែកនេះត្រូវបានគេដកស្រង់ចេញពីខ្លឹមសារមេរៀន ជាពិសេសគេបានលើកយកចំណុចសំខាន់ៗជាច្រើនសម្រាប់អ្នកសិក្សាដែលមិនធ្លាប់បានទៅប្រទេសជប៉ុន។ លើសពីនេះទៀតឯកសារភ្ជាប់ដែលមានបញ្ចូលក្នុងផ្នែកនេះក៏មានសារៈប្រយោជន៍នៅពេលអ្នកទៅរស់នៅក្នុងប្រទេសជប៉ុនផងដែរ។ បន្ទាប់ពីការធ្វើលំហាត់អនុវត្តហើយ អ្នកអាចអានផ្នែកនេះដោយខ្លួនឯងឬនៅ ក្នុងថ្នាក់រៀន។ ប្រសិនបើអ្នកមានចម្ងល់អ្វីមួយពីខ្លឹមសារណាមួយក្នុង លំហាត់សន្ទនា សូមចូលមើលក្នុងផ្នែកនេះ។
ដូចគ្នានឹងផ្នែក “កំណត់សម្គាល់វេយ្យាករណ៍” ដែរផ្នែកនេះត្រូវបានរៀបរៀងឡើងជា ភាសាអង់គ្លេសឬភាសាតាមប្រទេសនីមួយៗ។ផ្នែកពន្យល់ជាភាសាជប៉ុនគឺសម្រាប់ ឱ្យគ្រូប្រើប្រាស់ ដូចនេះសិស្សមិនចាំបាច់អាននិងយល់ផ្នែកពន្យល់ជាភាសាជប៉ុនទេ។

ការផលិត

ការផលិត
The Japan Foundation Japanese-Language Institute, Urawa
និពន្ធដោយ
ISOMURA Kazuhiro / FUJINAGA Kaoru / ITO Yukiko / YUMOTO Kahori / IWAMOTO Masako /
HABUKI Miyuki / FURUKAWA Yoshiko
(Lecturers at The Japan Foundation Japanese-Language Institute, Urawa)
រូបភាព និងសម្ភារៈសម្រាប់សកម្មភាព
Ebiten / SMILES FACTORY / NOMA Kozo / HATANAKA Miyuki / FUKUHARA Miwa / MATSUHASHI Tekuteku
អ្នកបញ្ចូលសំឡេង
IGARASHI Yuka / KUBOTA Ryuichi / DESAKI Takuya / HORITA Tomoyuki / MIZUHARA Eri (Haikyo)
អ្នកផ្គត់ផ្គង់សម្ភារៈ
ASAHI SOFT DRINKS CO., LTD. / AFLO (Kodansha, Toyo Keizai, NIKKAN SPORTS, AFP, Mainichi,
Teruo Morimatsu, Yomiuri, Reuters) / Orchestra Davai / Osaka Municipal Library / Onko Co., Ltd /
Keio Corporation / Keio Dentetsu Bus Co., Ltd / Kodansha Ltd. /
Saitama Tourism and International Relations Bureau / Ministry of Finance, JAPAN /
SAKANAYA CO., LTD. / Suntory Holdings Limited / Immigration Services Agency of Japan /
STUDIO GHIBLI INC. / Chikaranomoto Holdings Co., Ltd. / Toda International Friendship Association /
Nakagawa Iron Works Co., Ltd. / Nichinan Culture Center / NISSIN FOODS HOLDINGS CO., LTD. /
Japan Post Holdings Co., Ltd. / PIXTA Inc. / Fortune Co., Ltd. / Misaki Hospital /
Yasaka Shrine Kyoto Japan / Public Utility Foundation for Gion Festival Preservation Associations
ជំនួយក្នុងការកែសម្រួលអត្ថបទ
BONJINSHA Inc.
គេហទំព័រ
Brain Corporation